សាលាក្តីខ្មែរក្រហមសម្រេចបន្តឃុំខ្លួន នួន ជា ១ឆ្នាំទៀត
ដោយ សារី រ័ត្ន
2008-09-20
មេធាវីរបស់ នួន ជា អតីតបងធំទី២នៃរបបខ្មែរក្រហមបានឲ្យដឹងកាលពីថ្ងៃសុក្រម្សិលមិញថា កូនក្តីរបស់លោកត្រូវសាលាក្តីខ្មែរក្រហមសម្រេចឃុំខ្លួនបន្តមួយឆ្នាំទៀត។
អតីតមេខ្មែរក្រហម នួន ជា បង្ហាញខ្លួនក្នុងសវនាការ នាថ្ងៃទី ៤ កុម្ភៈ ២០០៨។
លោក សុន អារុណ ជាមេធាវីរបស់ នួន ជា ថ្លែងគូសបញ្ជាក់ថា ការសម្រេចឃុំខ្លួនបន្តនេះគឺដោយក្រុមចៅក្រមយកសំអាងលើវិធានផ្ទៃក្នុង និងអះអាងថា ការស៊ើបអង្កេតនៅមិនទាន់ចប់នៅឡើយ។
លោកមេធាវី សុន អារុណ បន្តថា សាលាក្តីមានសិទ្ធិឃុំកូនក្តីរបស់លោករយៈពេល៣ឆ្នាំ ក៏ប៉ុន្តែលោកថ្លែងថាលោកនឹងដាក់ប្តឹងឧទ្ធរណ៍ចំពោះការសម្រេចឃុំនេះ ដោយលោកសំអាងថាអំពើនេះគឺជាការរំលោភលើសិទ្ធិកូនក្តីរបស់លោក។
លោក សុន អារុណ បានឲ្យដឹងថា ៖ «តាមបទបញ្ជាផ្ទៃក្នុងរបស់ ECCC អាហ្នឹងអត់ខុសទេ គេមានសិទ្ធិផ្ដល់ក្នុងមួយឆ្នាំម្ដង បើគេយល់ឃើញថាការអង្កេតមិនទាន់សព្វគ្រប់។ ហើយមួយឆ្នាំម្ដងបានពីរដងបន្ត មានន័យថាដាក់ឆ្នាំទី១ ហើយនិងបន្ទាប់ពីហ្នឹងបានបីឆ្នាំម្ដង ប៉ុន្តែម្ដងមួយឆ្នាំៗ។ ប៉ុន្តែយើងប្ដឹងយើងឲ្យមានហេតុមានផលប្រាប់គេថាកូនក្ដីយើងវាប៉ះពាល់ដល់សិទ្ធិដល់អីរបស់កូនក្ដីយើង»។
សូមជម្រាបជូនថា នួន ជា ដែលជាអតីតប្រធានរដ្ឋសភារបបខ្មែរក្រហមផងនោះត្រូវបានចាប់ខ្លួនពីអតីតតំបន់ខ្មែរក្រហមប៉ៃលិន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៧កន្លងទៅ។
គិតមកទល់ថ្ងៃទី១៩ កញ្ញាម្សិលមិញ លោក នួន ជា ត្រូវបានចាប់ឃុំខ្លួនរយៈពេលមួយឆ្នាំគត់ ជាប់ចោទពីបទល្មើសចំនួន២ គឺឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងឧក្រិដ្ឋកម្មសង្គ្រាម៕







