ប្រតិកម្មជុំវិញការដាក់តែតួបា្រសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក (១)
ដោយ មឿង ទុម
2008-08-24
រដ្ឋមន្រ្តីតំណាងឲ្យរដ្ឋាភិបាលកម្ពុជា លោក សុខ អាន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក ណុបផាឌុន ផាត់តាម៉ា និងអគ្គនាយកអង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២២ ឧសភា ២០០៨ ដោយបានព្រមព្រៀងគ្នាដាក់បញ្ចូលតែតួបា្រសាទព្រះវិហារប៉ុណ្ណោះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
លោករដ្ឋមន្រ្តី សុខ អាន ដែលមកពីកូតាគណបក្សប្រជាជនកម្ពុជាផងនោះ មានប្រសាសន៍ថា ការដែលភាគីកម្ពុជាមិនដាក់តំបន់ជុំវិញប្រាសាទព្រះវិហារដែរនោះ គឺមកពីមិនពាក់ព័ន្ធនឹងបញ្ហាព្រំដែនឡើយ ៖ «កម្ពុជាយល់ព្រមទទួលការចុះឈ្មោះបា្រសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយមិននិយាយពីបញ្ហាដែលមានពាក់ព័ន្ធទៅនឹងការធ្វើការចែកជាតំបន់ផ្សេងៗ សម្រាប់ការពារប្រាសាទ ដែលគេហៅថា តំបន់ស្នូល ឬតំបន់ទ្រនាប់ តំបន់អភិវឌ្ឍន៍នោះ គឺយើងមិនទាន់និយាយពីបញ្ហាទាំងនេះទេ យើងនិយាយតែពីបញ្ហាចុះឈ្មោះតែបា្រសាទ»។
ប៉ុន្តែលោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស ដែលនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិអាណត្តិទី៤ ឆ្នាំនេះដែរ មានប្រសាសន៍បង្ហាញពីក្តីបារម្ភ ៖ «ខ្ញុំគិតថា បេតិកភណ្ឌជាតិទាំងឡាយហ្នឹង មិនមែនរាប់តែតួអង្គប្រាសាទទេ។ ដីធ្លីបរិវេណទាំងអស់ ក៏ជាបេតិកភណ្ឌជាតិដែរ។ បើយើងបញ្ចូលទៅជាបេតិកភណ្ឌអន្តរជាតិ ក៏យើងត្រូវតែបញ្ចូលទាំងអស់ ដើម្បីការធានាឲ្យបាននូវវប្បធម៌យើង នៅគង់វង្សបានយូរ។ បើសិនណាយើងឲ្យទៅតែប្រាសាទអ៊ីចឹង ថ្ងៃណាមួយ រដ្ឋាភិបាលគេទៅច្រៀកដីនោះលក់ទៀតទៅ មិនអស់ទៀតទៅហើយ ប៉ះពាល់ដល់វត្ថុបូរាណរបស់យើងទៀត។ ផលវិបាកទៅថ្ងៃអនាគត គឺយើងចេះតែបាត់បង់ទៅ ស្អីដែលជាសម្បត្តិជាតិដែលមានតម្លៃ អត្តសញ្ញាណជាតិយើង ចេះតែចុះខ្សោយទៅ ថយទៅ ធ្លាក់ទាបទៅ»។
ប៉ុន្តែលោក សុខ អាន មានប្រសាសន៍ថា ប្រទេសកម្ពុជានឹងគូសផែនទីថ្មី ដែលហៅថា ផែនទីបរិវេណប្រាសាទព្រះវិហារ គឺកំណត់ទីតាំងដើម្បីបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែរ គឺគ្រោងធ្វើឲ្យហើយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៨នេះ។
លោក អ៊ុក ភូរិ ដែលជាប្រធានគណបក្សប្រជាធិបតេយ្យខ្មែរ គ្រោងនឹងចូលរួមការបោះឆ្នោតជាតិ នាថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ មានប្រសាសន៍ថា ៖ «ខ្ញុំមើលឃើញថា ការសម្រេចគឺជាការសម្រេច ដែលមានការគិតគូរវែងឆ្ងាយដែរ ហើយមិនមានទាក់ទង ១០០ភាគរយទៅលើសេចក្តីសម្រេចរបស់តុលាការក្រុងឡាអេនោះទេ។ ចំពោះខ្ញុំ គឺថា សំខាន់ធ្វើយ៉ាងម៉េច ឲ្យជួសជុលស្រោចស្រង់តួប្រាសាទហ្នឹង ឲ្យបានល្អ ពីព្រោះយើងជាច្រើនឆ្នាំមកហើយ ដែលយើងមិនមានមធ្យោបាយ។ ឥឡូវយើងត្រូវតែដាក់សិន ដើម្បីធានាការគ្រប់គ្រងរបស់ប្រទេសយើងហ្នឹង ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារនេះ។ ឯរឿងដីធ្លី ខ្ញុំមិនមានយោបល់អីច្រើនទេ ពីព្រោះ ការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញរឿងដីថ្ងៃនេះ ក៏យើងគួរតែអនុគ្រោះទៅតាមការសម្រេចប៉ុណ្ណឹងសិនទៅ។ ចំពោះខ្ញុំមិនមានការវាយតម្លៃអី ឲ្យប្លែកពីដំណាក់កាលធ្វើបានប៉ុណ្ណឹងសិនទេ»។
ប៉ុន្តែ លោក មុត ចន្ថា អ្នកនាំពាក្យរបស់គណបក្ស នរោត្តម រណឫទ្ធិ ដែលបក្សនេះគ្រោងនឹងចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិឆ្នាំនេះដែរ ថ្លែងរិះគន់រដ្ឋាភិបាល ដោយយោងទៅតាមលទ្ធផលកាត់ក្តីដែលតុលាការអន្តរជាតិក្រុងឡាអេ នៅប្រទេសហុល្លង់ បានសម្រេចឲ្យខ្មែរឈ្នះក្តីលើភាគីប្រទេសថៃ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ១៩៦២ ដែលថា ប្រាសាទព្រះវិហារនិងបរិវេណប្រាសាទព្រះវិហារ ជាកម្មសិទ្ធិផ្តាច់មុខរបស់ព្រះរាជាណាចក្រកម្ពុជានោះ។
លោក មុត ចន្ថា ថ្លែងយ៉ាងដូច្នេះ ៖ «ខ្ញុំយល់ឃើញថា ដំណាក់កាលនេះ រដ្ឋាភិបាលកម្ពុជាពុំគួរមកធ្វើការចរចាជាមួយប្រទេសសៀម អំពីបញ្ហាព្រំដែន ជាពិសេស គឺថា ដីជុំវិញប្រាសាទព្រះវិហារយើងនេះ ពីព្រោះថា សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចរួចហើយក្នុងឆ្នាំ១៩៦២ ហ្នឹង។ អ៊ីចឹង កាលណាយើងយកមកជជែកគ្នាឡើងវិញ បានន័យថា យើងរំលោភទៅលើសាលក្រមរបស់តុលាការអន្តរជាតិ នៅទីក្រុងឡាអេនោះហើយ។ ខ្ញុំចាត់ទុកថា ជាការចាញ់ប្រៀបមួយទៅលើប្រទេសសៀម ព្រោះថា កម្ពុជាជាម្ចាស់ប្រាសាទព្រះវិហារ រួមទាំងទឹកដីដែលនៅជុំវិញប្រាសាទព្រះវិហារនោះដែរ។ ដូច្នេះ យើងមិនអាចទទួលយកបានទេ ចំពោះការដែលនាំគ្នាមកជជែកឡើងវិញក្នុងការរៀបចំផែនទីថ្មី ឬក៏ការសើរើនូវសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិនោះ គឺជារឿងមួយមិនត្រឹមត្រូវទាល់តែសោះ។ មានន័យថា យើងទទួលយកសម្ពាធពីបរទេស ប្រទេសសៀមនោះ គេអះអាងថា ជារបស់គេ អ៊ីចឹងយើងនៅតែបន្តដោះស្រាយបញ្ហាព្រំដែនដែលប្រទេសខ្មែរយើងមានផែនទីកំណត់ត្រឹមត្រូវតម្កល់នៅអង្គការសហប្រជាជាតិ ផែនទីឆ្នាំ១៩៦២។ យើងអត់មានគោលជំហរឯករាជ្យទេ។ យើងមិនអាចការពារបានបូរណភាពទឹកដី អធិបតេយ្យរបស់យើងទេ»។
ចំណែកលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលឈរឈ្មោះគ្រោងនឹងចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិ ខែកក្កដា ២០០៨ ដែរនោះ មានប្រសាសន៍ដូច្នេះថា ៖ « ខ្ញុំគិតឃើញថា ដូចមិនដឹងជាផ្អែកលើអី ដែលរដ្ឋាភិបាលនិយាយថា ក្រៅពីតួប្រាសាទហ្នឹង ទុកជាតំបន់មួយដែលត្រូវជជែកគ្នាសិន។ ពីព្រោះវាអត់ត្រូវជជែកអីទៀតផង។ តុលាការក្រុងឡាអេនោះ បានបញ្ចប់រួចទៅហើយ។ បើសិនជាយើងបានដាក់ចូលទៅ តើថៃវាមានសិទ្ធិអីមកជំទាស់ បើយើងឈ្នះរួចទៅហើយហ្នឹង។ យើងដឹងទាំងអស់គ្នា បរទេសក៏បានដឹងថា ប្រាសាទហ្នឹងត្រូវបានមកខ្មែរតាំងពីយូរមកហើយ ស្រាប់តែថៃជំទាស់អ៊ីចឹង វាទៅជាឥទ្ធិពលថៃហ្នឹង វាធំជាងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិទៅអ៊ីចឹង។ រឿងប្រាសាទព្រះវិហារនេះ វាមានលក្ខណៈច្បាស់លាស់ណាស់ គ្រាន់តែថៃតវ៉ាតែប៉ុណ្ណឹង យើងហ៊ានដាក់តំបន់ក្រៅពីតួប្រាសាទទៅជាតំបន់ស តំបន់ដែលទុកចរចាលើកក្រោយ។ ធ្វើអ៊ីចឹងថៃវាបានចិត្ត។ ថ្ងៃក្រោយៗ ថៃហ៊ានធ្វើកន្លែងផ្សេងទៀត យកអ៊ីចឹងទៀត»។
ប៉ុន្តែ លោក បាន សុផល ដែលជាប្រធានគណបក្សសង្គមយុត្តិធម៌ មានប្រសាសន៍ផ្ទុយពីនេះទៅវិញ ៖ «ខ្ញុំគិតថា រដ្ឋាភិបាលធ្វើមួយជំហាននេះ យើងបានចំណេញ ធ្វើម៉េចឲ្យយើងបានតួប្រាសាទនេះសិនចុះ ប៉ុន្តែមិនមានន័យថា ដីនៅជុំវិញប្រាសាទនោះ យើងមិនគិតគូរឯណា ព្រោះឥឡូវយើងកំពុងតែភាគីខាងថៃ គេធ្វើការតវ៉ាអីច្រើន។ ដល់អ៊ីចឹង បើយើងចាំដាក់ទាំងអស់ ខ្លាចវាយូរ នាំឲ្យខាតយើង ទើបដាក់មួយជំហានសិន។ យើងចាត់ទុកថា យើងបានទៅមុខមួយជំហានហើយ»។
ចំណែកគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានទីស្នាក់ការនៅប្រទេសបារាំង ដែលជាក្រុមអ្នកឯកទេសផ្នែកព្រំដែនស្រុកខ្មែរ មិនចំណុះឲ្យគណបក្សនយោបាយ បានចេញសេចក្តីថ្លែងការណ៍ថ្មីមួយនៅថ្ងៃទី២៨ ខែឧសភានេះ ដោយអះអាងថា ការដែលរដ្ឋាភិបាលកម្ពុជាសម្រេចដាក់តែតួបា្រសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដូច្នោះ គឺជាជោគជ័យធំមួយរបស់ប្រទេសថៃ ដែលបានបង្កើតការជំទាស់ជាលើកទីមួយ ប្រឆាំងនឹងសាលក្រមតុលាការអន្តរជាតិក្រុងឡាអេ ឆ្នាំ១៩៦២នោះ។ និងថា ការចុះបញ្ជីតែតួអង្គប្រាសាទ វាគ្មានផ្តល់ប្រយោជន៍អ្វីដល់កម្ពុជាឡើយ ផ្ទុយទៅវិញវានឹងធ្វើឲ្យលក្ខន្តិកៈរបស់ប្រាសាទព្រះវិហារ ធ្លាក់ចុះខ្សោយ៕ (សម្គាល់៖ អត្ថបទនេះត្រូវបានផ្សាយនៅចុងខែឧសភា ឆ្នាំ២០០៨ គឺនៅមុនការបោះឆ្នោតជាតិអាណត្តិទី៤ ថ្ងៃ២៧ កក្កដា ២០០៨)







