ប្រាសាទព្រះវិហារ៖ ដំណើរការក្ដីនៅតុលាការអន្តរជាតិក្រុងឡាអេ (២)
ដោយ មឿង ទុម
2008-08-13
ប្រាសាទព្រះវិហារនិងបរិវេណប្រាសាទព្រះវិហារ ជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្មែរ។ នេះបើតាមសេចក្តីសម្រេចជាផ្លូវការ នាឆ្នាំ១៩៦២ នៃការកាត់ក្តីរបស់តុលាការអន្តរជាតិក្រុងឡាអេ នៅប្រទេសហុល្លង់ ដែលឲ្យកម្ពុជាឈ្នះក្តីលើភាគីប្រទេសថៃ ស្តីពីវិវាទនៃការគ្រប់គ្រងប្រាសាទព្រះវិហារ។
ប្រាសាទព្រះវិហារ នៅលើកំពូលភ្នំដងរែក ខេត្តព្រះវិហារ។
នៅក្នុងបទសម្ភាសន៍ភាគបន្តនេះ នាងខ្ញុំសូមជម្រាបសួរលោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែលមានទីស្នាក់ការនៅក្រុងប៉ារីស ប្រទេសបារាំង សូមឲ្យលោករំឭកបន្ថែមទៀតផ្តោតអំពីថា តើនៅពេលដែលភាគីកម្ពុជាទៅតតាំងប្រឆាំងនឹងភាគីថៃតាមផ្លូវច្បាប់នៅក្នុងសវនាការកាត់ក្តីនោះ តើខ្មែរមានភស្តុតាងជាសំខាន់អ្វីខ្លះ?
ស៊ាន ប៉េងសែ ៖ «ថ្ងៃ១៩ ខែតុលា ក្នុងឆ្នាំ១៩៦២នោះ ខ្មែរឈ្នះគឺភស្តុតាងធំបំផុត គឺផែនទី។ ខ្មែរឈ្នះ ទីមួយ គឺគេសម្រេចឲ្យឈ្នះ ដោយចៅក្រមគឺមានសំឡេង៩ ទ្រទ្រង់ថា ឲ្យខ្មែរឈ្នះ។ ហើយមានសំឡេង៣ ប្រឆាំងនឹងការដែលសម្រេចឲ្យខ្មែរឈ្នះ។ ហ្នឹងគឺការសម្រេចធំណាស់។ ក្រៅពីសម្រេចឲ្យខ្មែរឈ្នះហើយ យើងបានប្រាប់គេថា សៀមបានយករបស់របរចេញពីប្រាសាទហ្នឹង យកទៅទុកនៅប្រទេសគាត់។ ហេតុដូច្នោះ តុលាការហ្នឹងគេបានប្រាប់ថា ឲ្យគាត់សៀមហ្នឹងយករបស់របរដែលគាត់បានយកចេញពីប្រាសាទហ្នឹង យកមកឲ្យខ្មែរវិញ។ គឺមានអ្នកបោះឆ្នោត៧ អ្នកទ្រទ្រង់ ការដែលគេឲ្យសៀមហ្នឹងយករបស់របរមកស្រុកខ្មែរវិញ តែ ៥នាក់ ៥សំឡេងផ្សេងទៀតប្រឆាំង ដូច្នោះខ្មែរឈ្នះតទៅទៀត។ ធំបំផុត គឺយើងឈ្នះដើមហើយៗ ឈ្នះឲ្យសៀមហ្នឹងយករបស់របរមកឲ្យខ្មែរវិញ។ ដូច្នោះបោះឆ្នោតពីរដង ដែលធំៗ»។
មឿង ទុម ៖ លោកមានប្រសាសន៍ថា បោះឆ្នោតពីរដង ទី១ សម្រេចឲ្យខ្មែរឈ្នះ មាន៣សំឡេងប្រឆាំង តែ៩សំឡេងគាំទ្រខ្មែរ។ តើគេបោះឆ្នោតនៅថ្ងៃ១៩ ខែតុលា ឆ្នាំ១៩៦២ នោះអ៊ីចឹងឬលោក? ស៊ាន ប៉េងសែ ៖ «បាទ គឺថា គេបោះឆ្នោតនៅថ្ងៃដដែលនោះបាទ»។
មឿង ទុម ៖ អ៊ីចឹង មានន័យថា គេបោះឆ្នោតពីរដងនោះ ក្នុងថ្ងៃតែមួយ? ស៊ាន ប៉េងសែ ៖ «បាទ! ថ្ងៃតែមួយ តែសំណួរពីរ។ សំណួរពីរហ្នឹង ខ្មែរឈ្នះរួចអស់ទៅហើយ»។
មឿង ទុម ៖ នាងខ្ញុំសូមជម្រាបសួរលោកជាបន្តទៀតថា តើមានកត្តាសំខាន់ៗអ្វីខ្លះនៃភស្តុងតាងដែលភាគីខ្មែរដាក់បន្ទុកក្នុងតុលាការដើម្បីឲ្យខ្មែរបានឈ្នះក្តីលើថៃ នាកាលណោះនោះ?
ស៊ាន ប៉េងសែ ៖ «ឈ្នះដោយសារអី ដោយសារប្រាសាទព្រះវិហារនោះ វានៅក្នុងតំបន់ព្រះវិហារ ព្រមទាំងបរិវេណព្រះវិហារ វានៅក្នុងដីខ្មែរ។ ហើយបន្ទាប់មក ហេតុអីបានយើងឈ្នះ ព្រោះថាធំបំផុតរឿងផែនទី រឿងឯកសារដែលនាំឲ្យយើងឈ្នះហ្នឹង»។
មឿង ទុម ៖ តើផែនទីដែលខ្មែរយកទៅប្រើប្រាស់ជាភស្តុតាង នៅក្នុងសវនាការតុលាការអន្តរជាតិនោះ តើផែនទីនោះធ្វើនៅឆ្នាំណាដែរ?
ស៊ាន ប៉េងសែ ៖ «ផែនទីហ្នឹង ខ្ញុំសូមជម្រាបថា ក្នុងការបែងចែកប្រទេសឥណ្ឌូចិននិងសៀមតាមសន្ធិសញ្ញាបារាំងនិងសៀម ក្នុងឆ្នាំ១៩០៤ និង១៩០៨ គឺនៅក្នុងសន្ធិសញ្ញានោះ ព្រះវិហារវាស្ថិតនៅក្នុងដីខ្មែរ រួចទៅហើយ។ បន្ទាប់មក គឺថា សៀមហ្នឹង ឲ្យបារាំងហ្នឹងធ្វើផែនទីកន្លែងណា ដែលគេត្រូវធ្វើខ្នាតធំ បានសេចក្តីថា ដូចជានៅតំបន់សមុទ្រខាងកោះកុងហ្នឹង គឺក៏គេធ្វើផែនទីខ្នាតធំ ដោយបានធ្វើសេចក្តីរាយការណ៍បន្ថែម។ ហើយនៅខាងព្រះវិហារនេះ ខ្ញុំនិយាយតែព្រះវិហារទៅចុះ គឺថាមានផែនទីនោះច្រើនណាស់ តាំងពីឆ្នាំ១៩៣៤ រហូតដល់១៩៣៥ ជាងមួយឆ្នាំ ទើបធ្វើរួច»។
មឿង ទុម ៖ លោកមានប្រសាសន៍ពីរឿងខ្នាតធំធ្វើផែនទីនោះ ដែលរួមមានបញ្ចូលទាំងប្រាសាទព្រះវិហារផង បានន័យថា លោកសំដៅចំពោះផែនទីដែលបារាំងធ្វើទុកឲ្យថៃនិងខ្មែរដែលយកតាមខ្នាតមួយលើ២០ ខ្នាតមួយលើ២ពាន់ ខ្នាតមួយលើ ៥០ពាន់និងខ្នាតមួយលើ ២រយពាន់? គេយកតាមខ្នាតច្រើនបែបនេះ គឺដើម្បីឲ្យផែនទីនោះ កាន់តែមានភាពច្បាស់លាស់ក្នុងការពន្យល់ទៅតាមទីតាំងជាក់ស្តែងនៃចំណុចសំខាន់ៗ តើអ៊ីចឹងមែនទេ?
ស៊ាន ប៉េងសែ ៖ «បាទ! ដូច្នោះហើយ គឺថានៅក្នុងឆ្នាំ១៩៥៨ គឺថាមុននឹងខ្មែរដាក់ពាក្យបណ្តឹងសៀម នៅក្នុងឆ្នាំ១៩៥៩ ប្រតិភូខ្មែរបានទៅជួបសៀមនៅក្រុងបាំងកក ហើយបានឲ្យផែនទីខ្មែរដែលយើងមាននោះ ឲ្យទៅសៀម។ ហើយសៀមនោះក៏អត់បានបដិសេធទេ។ ហើយបន្ទាប់មក សៀមបានឲ្យបារាំងហ្នឹងបោះបង្គោលយកតាមខ្នាតធំៗ ពីឆ្នាំ១៩៣៤ ដល់១៩៣៥។ ខ្នាតហ្នឹងមានច្រើន បើតាមផែនទីដែលខ្ញុំមានហ្នឹង គឺខ្នាតមួយលើ ២ពាន់ ខ្នាតមួយលើ៥០ពាន់និងខ្នាតមួយលើ ២រយពាន់។ ខ្នាតហ្នឹងហើយ ដែលខ្ញុំធ្វើភូគពសាស្ត្រខ្មែរ នៅក្នុងឆ្នាំ១៩៧០។ ដូច្នោះ ផែនទីនោះវាមានច្រើន ហើយផែនទីទាំងអស់ ខាងខ្មែរយើងហ្នឹងបានបញ្ជាក់ច្បាស់ថា ប្រាសាទព្រះវិហារវាស្ថិតនៅក្នុងដីខ្មែរទាំងអស់»។
មឿង ទុម ៖ អ៊ីចឹងបានន័យថា តុលាការអន្តរជាតិក្រុងឡាអេ កាត់ក្តីឲ្យខ្មែរឈ្នះថៃ លើករណីប្រាសាទព្រះវិហារនេះ គឺដោយសារតែខ្មែរបានបង្ហាញភស្តុតាងផែនទីជាច្រើន ដែលយកតាមខ្នាតធំៗ ដែលបានពន្យល់ច្បាស់លាស់ពីទីតាំងប្រាសាទព្រះវិហារនោះ មែនទេ?
ស៊ាន ប៉េងសែ ៖ «បាទ! សៀមហ្នឹងបដិសេធអត់បានទេ ពីព្រោះក្នុងឆ្នាំ១៩៥៨ យើងយកឯកសារ យកផែនទីពីឆ្នាំ១៩០៤ និង ១៩០៨ ហ្នឹង យកមកប្រើការ។ ខ្ញុំសូមជម្រាបថា សៀមយកប្រាសាទហ្នឹង ក្នុងឆ្នាំ១៩៥៤ ដោយគាត់មើលផែនទីថ្មីទៅ គាត់ឃើញថា ផែនទីហ្នឹង មិនបានធ្វើតាមគាត់បានដឹងនោះ គឺថា ត្រូវតែមានប្រទល់ដែននៅតាមតំបន់ដែលគេចែកទឹក។ ប៉ុន្តែខ្មែរយើងបានប្រាប់ទៅវិញថា ផែនទីទាំងអស់ដែលយើងឲ្យគាត់ហ្នឹង គាត់មិនដែលបដិសេធទេ តាំងពីឆ្នាំ១៩០៤ និង ១៩០៨, ១៩៣៥ រហូតមកដល់ឆ្នាំ១៩៥៨ ពេលដែលយើងមុនចាប់ប្តឹងសៀមហ្នឹង សៀមមិនដែលថា ផែនទីនោះខុសទេ។ សៀមទទួលយកទាំងអស់។ ហេតុនោះហើយ បានជាតុលាការគេថា បើអ្នកឯង (សៀម) ទទួលយកទាំងអស់ ហេតុអីឥឡូវថា ផែនទីនោះខុស កន្លះសតវត្សរ៍ទៅហើយ អ្នកឯងអត់បានបដិសេធទេ ហើយមកដល់នេះថា ផែនទីនោះវាខុស។ អត់ត្រូវទេ វាយឺតពេលហើយ»។
មឿង ទុម ៖ ក្រៅពីផែនទីទាំងអស់នោះ តើភាគីខ្មែរមានភស្តុតាងនិងសាក្សីបន្ថែមទៀតទេ?
ស៊ាន ប៉េងសែ ៖ «មាន។ នៅក្នុងពង្សាវតារ គឺថា មានព្រះអង្គម្ចាស់សៀមមួយអង្គ ព្រះនាម ដំរ៉ុង ជាអ្នកតំណាងស្រុកសៀមផង បានមកទតប្រាសាទព្រះវិហារនោះ ក្នុងឆ្នាំ១៩៣០ ហើយអ្នកណាដែលទៅទទួលគាត់ គឺបារាំងនោះឯង។ ហើយបារាំងនោះជាអាជ្ញាធរជំនាន់នោះ ជាអ្នកចៅហ្វាយយើងហ្នឹង គឺគាត់អ្នកទទួល។ ដូច្នោះគឺក្នុងឆ្នាំ១៩៣០ ហ្នឹង អ្នកទទួលជាអ្នកម្ចាស់ផ្ទះ ម្ចាស់ប្រាសាទព្រះវិហារ។ ដូច្នោះព្រះអង្គម្ចាស់សៀម ក៏បានមកមើលប្រាសាទព្រះវិហារខ្មែរដែរ រួចអ្នកឯងថា មិនទទួលស្គាល់ម្តេចបាន។ អាហ្នឹងហើយ ដែលសៀមឆ្លើយមិនរួច»៕







