និស្សិតច្បាប់ប្រកួតប្រជែងសវនាការសាលាក្ដីប្រឌិត
ដោយ កែវពេជ្រ មេត្តា
2008-09-10
វិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចិម គណៈមេធាវីសហរដ្ឋអាមេរិក សហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍អន្ដរជាតិរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានរៀបចំការប្រកួតប្រជែងសវនាការសាលាក្តីប្រឌិតមួយដើម្បីឲ្យនិស្សិតច្បាប់បានរៀនយកជំនាញផ្នែកអនុវត្ដនេះដែលកម្មវិធីនេះបានធ្វើជាលើកទី២ហើយ។
«ថ្ងៃនេះខ្ញុំបាទព្រះរាជអាជ្ញាតំណាងឲ្យស្ថាប័នអយ្យការ សុំឡើងមកធ្វើការចោទប្រកាន់ទៅលើបុរសម្នាក់ដែលពោរពេញដោយកលល្បិច...» ៖ នេះគឺជាទិដ្ឋភាពនៃការប្រកួតប្រជែងសវនាការសាលាក្តីប្រឌិតរបស់និស្សិតមហាវិទ្យាល័យច្បាប់នានានៃសកលវិទ្យាល័យចំនួន៥ នៅទីក្រុងភ្នំពេញ ដែលគេនាំគ្នាធ្វើការអនុវត្តជាក់ស្តែងក្នុងដំណើរការកាត់ក្តីប្រឌិតមួយ។
កម្មវិធីនេះបានប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ កញ្ញា ដល់ថ្ងៃទី៥ កញ្ញ ឆ្នាំ២០០៨ និងរៀបចំឡើងដោយវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចិម គណៈមេធាវីសហរដ្ឋអាមេរិកដោយសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍អន្ដរជាតិរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា (USAID)។
មន្រ្តីគម្រោងនៃវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចិម គណៈមេធាវីសហរដ្ឋអាមេរិក អ្នកស្រី ប៉េង សុគន្ធា បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីនៅក្នុងកម្មវិធីប្រកួតប្រជែងនោះថា និស្សិតដែលមកចូលរួមក្នុងពេលនេះមានចំនួន៤០នាក់ក្នុងនោះមាននិស្សិតនារីចំនួន១៦នាក់។
រីឯរឿងក្តីដែលគេលើកយកមករៀនធ្វើការកាត់ក្តីនៅក្នុងពេលនេះគឺជារឿងមួយដែលត្រូវបានគេប្រឌិតឡើងដោយមិនមានព័ត៌មានគ្រប់គ្រាន់ បង្កប់ទៅដោយភាពស្មុគស្មាញ ដើម្បីឲ្យនិស្សិតច្បាប់ទាំងនោះប្រឹងប្រែងហ្វឹកហាត់រកគនឹ្លះយ៉ាងណាដើម្បីស្វែងរកភស្ដុតាងឲ្យបានច្បាស់លាស់ក្នុងការសាកសួរសាក្សីឬកូនក្តីរបស់ខ្លួនជាដើម។
អ្នកស្រីបានបន្ថែមទៀតថា សារសំខាន់នៃកម្មវិធីនេះគឺចង់ឲ្យនិស្សិតសាលាច្បាប់នៅកម្ពុជាទាំងអស់រៀនអនុវត្តកាត់ក្តីដោយជាក់ស្ដែងបន្ថែមទៅលើទ្រឹស្ដីច្បាប់ដែលគេបាននិងកំពុងតែសិក្សានៅក្នុងសាលារៀនសព្វថ្ងៃ។
អ្នកស្រី ប៉េង សុគន្ធា បានមានប្រសាសន៍ថា ៖ «ជំនាញនេះ ភាគច្រើនគឺយើងយកពីប្រព័ន្ធ Common Law មក ដែលមិនមែនអនុវត្តនៅស្រុកខ្មែរទាំងស្រុងទេ។ នៅស្រុកខ្មែរយើងយកប្រព័ន្ធ Civil Law ប្រព័ន្ធច្បាប់ស៊ីវិល ក៏ប៉ុន្តែមានជំនាញមួយចំនួនដែលសំខាន់។ ឧទាហរណ៍ជំនាញក្នុងការសាកសួរសាក្សី ហើយជំនាញក្នុងការធ្វើសេចក្ដីសន្និដ្ឋានសរុបចំពោះមុខតុលាការសន្និដ្ឋានពីរឿងក្ដីអ៊ីចឹង។ ទាំងអស់ហ្នឹងក្រមនីតិវិធីព្រហ្មទណ្ឌថ្មីរបស់យើងទទួលស្គាល់ ហើយនិងអាចអនុវត្តបាននៅក្នុងតុលាការកម្ពុជា»។
បញ្ជាក់ប្រាប់នៅក្នុងការប្រកួតប្រជែងសវនាការសាលាក្តីប្រឌិតនោះដែរ ទីប្រឹក្សាអប់រំច្បាប់នៃវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចិម គណៈមេធាវីសហរដ្ឋអាមេរិក លោក Steven Austermiller បានឲ្យដឹងថា ការបើកឲ្យមានកម្មវិធីប្រកួតប្រជែងសវនាការសាលាក្តីប្រឌិតនេះឡើង គឺក្នុងបំណងជួយដល់និស្សិតសាលាច្បាប់កម្ពុជាបានធ្វើការអនុវត្ដនូវប្រព័ន្ធច្បាប់ ដូចជាឲ្យមានជំនាញការតស៊ូមតិជាដើម។
លោកបានបន្តថា ការជួយយ៉ាងដូច្នេះពីព្រោះគេបានឃើញថា ការអប់រំផ្នែកច្បាប់នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនៅមានកម្រិតនៅឡើយដោយមានការខ្វះចន្លោះច្រើន ពោលគឺច្រើនតែផ្ដល់ដល់និស្សិតជាបទឧទេ្ទសនាមផ្នែកទ្រឹស្ដី ចំណែកឯការអនុវត្ដជាក់ស្ដែងគឺគេមិនសូវបានផ្តល់ឲ្យប៉ុន្មានទេ។
លោក Steven Austermiller បានមានប្រសាសន៍ថា ៖ "នៅសហរដ្ឋអាមេរិកនៅតាមសាលាច្បាប់នានា យើងមានការប្រកួតប្រជែងច្រើន ឧទាហរណ៍ប្រកួតប្រជែងផ្នែកធ្វើសន្ធានកម្ម... ការសរសេរផ្នែកច្បាប់ ឬក៏នីតិវិធីតុលាការជាដើម។ ហើយយើងមើលឃើញថា យើងនឹងអាចណែនាំកម្មវិធីប្រកួតប្រជែងទាំងអស់នេះមួយចំនួន មកអនុវត្តនៅក្នុងប្រទេសកម្ពុជា"។
ចំពោះការបើកឲ្យមានការប្រកួតប្រជែងសវនាការសាលាក្តីប្រឌិតនេះ គេឃើញមានការចាប់អារម្មណ៍ច្រើនដែរពីសំណាក់និស្សិតសាលាច្បាប់ដែលបានចូលរួមក្នុងកម្មវិធីនោះ ពីព្រោះគេបានឃើញថាកម្មវិធីនោះបានផ្តល់ឲ្យគេស្វែងយល់អំពីប្រព័ន្ធច្បាប់ តាមរបៀប Common Law ពីរបៀបកាត់ក្តីមានគណៈវិនិច្ឆ័យច្រើនមិនតែឯកឯង។
ក្នុងចំណោមយុវនិសិ្សតទាំងនោះ និស្សិតមួយរូបឈ្មោះ ស៊ឹម ហុងសៀម មកពីសកលវិទ្យាល័យបញ្ញាសាស្ត្រនៅភ្នំពេញ បានបញ្ជាក់ប្រាប់ពីការយល់ឃើញរបស់គេយ៉ាងដូច្នេះ ៖ «អាចអនុវត្តផ្ទាល់ ធ្វើឲ្យយើងមានបទពិសោធន៍ផ្ទាល់តែម្ដង។ ឧទាហរណ៍ដូចជាការដើរតួធ្វើជាមេធាវីអ៊ីចឹង ដល់ពេលយើងអនុវត្តធ្វើជាមេធាវីផ្ទាល់នៅក្នុងសវនាការមួយបានដឹងថា វាពិបាកមែនទែន មិនដូចជាការសរសេរលើក្រដាសនោះទេ»។
និស្សិតមួយរូបទៀតឈ្មោះ សុផន សុវណ្ណរ័ត្ន ជានិស្សិតផ្នែកច្បាប់មកពីសកលវិទ្យាល័យមេគង្គកម្ពុជា បានបញ្ជាក់ប្រាប់ផងដែរថា គេមានការចូលចិត្ដចំពោះកម្មវិធីប្រកួតប្រជែងសវនាការសាលាក្តីប្រឌិតនេះ ពីព្រោះនៅក្នុងសាលារៀនគឺរៀនតែទ្រឹស្តីដែលមិនសូវស៊ីជម្រៅសាច់រឿងពិតក្នុងការកាត់ក្តីណាមួយឡើយ។
និស្សិតឈ្មោះ សុផន សុវណ្ណរ័ត្ន បានឲ្យដឹងថា ៖ «ចំពោះខ្ញុំរៀនត្រឹមឆ្នាំទី២ ដូចថាមិនសូវមានបទពិសោធន៍ មិនសូវដឹងច្បាប់ច្រើន ចង់ឲ្យមានកម្មវិធីហ្នឹង។ ការប្រកួតប្រជែងហ្នឹងគឺនាំឲ្យការដាក់ពិន្ទុ ហើយនិងឱកាសនៃការចូលរួមរបស់ក្រុមគ្រប់សាលាហ្នឹងបានចូលរួមគ្រប់ៗគ្នា»។
ចំពោះការបង្ហាញអំពីសារសំខាន់នៃកម្មវិធីប្រកួតប្រជែងសវនាការសាលាក្តីប្រឌិតរបស់និស្សិតសាលាច្បាប់ និងអ្នករៀបចំកម្មវិធីទាំងអម្បាលម៉ាននេះ នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្ដិការនិងសន្ដិភាព លោក ចាប សុថារិទ្ធ បានមានប្រសាសន៍ថាតាមការយល់ឃើញរបស់លោក គឺការបើកឲ្យមានកម្មវិធីបែបនេះក៏ជាការល្អម្យ៉ាងដែរ ពីព្រោះសិស្ស និស្សិត ដែលរៀនមុខវិជ្ជាផ្នែកច្បាប់នៅតាមសាលានានាក្នុងប្រទេសបច្ចុប្បន្ន គេសង្កេតឃើញថាពួកគេមិនសូវទទួលបាននូវការអនុវត្តផ្ទាល់បែបនេះទេ រីឯហេតុផលយ៉ាងណានោះគេក៏មិនដឹងប្រាកដថាមកពីអ្វីដែរ។
លោកបានបន្តថា កម្មវិធីប្រកួតប្រជែងសវនាការសាលាក្តីប្រឌិតនេះពិតជាមានប្រយោជន៍ហើយ ក៏ប៉ុន្តែគេក៏មិនដឹងច្បាស់ដែរទេថា តើនិស្សិតច្បាប់ទាំងនោះនៅពេលបញ្ចប់ការសិក្សា គេប្រាកដជាយកជំនាញនេះទៅប្រើការតាមអ្វីដែលគេបានរៀន ឬក៏យ៉ាងណានោះឡើយ។
លោក ចាប សុថារិទ្ធ បានមានប្រសាសន៍ថា ៖ «ដើម្បីចង់ធ្វើជាមេធាវី ទាល់តែគេប្រឡងចូលជាក្រុមប្រឹក្សាមេធាវី ឬក៏គេហៅ Bar Association ចប់អាហ្នឹងបានចេញធ្វើមេធាវី។ អ៊ីចឹងខ្ញុំពិបាកថាដែរ ដើម្បីនិស្សិតច្បាប់ខ្លះចេញមក ជួនកាលគេចូលធ្វើរដ្ឋាភិបាល ធ្វើអីអ៊ីចឹងទៅ»។
ទីប្រឹក្សាអប់រំច្បាប់នៃវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចិម គណៈមេធាវីសហរដ្ឋអាមេរិក លោក Steven Austermiller បានឲ្យដឹងដែរថា ទោះជាយ៉ាងណាក៏ដោយសម្រាប់និស្សិតច្បាប់ទាំង៤០រូបដែលតំណាងឲ្យសាលាច្បាប់របស់គេនីមួយៗ ដែលបានមកចូលរួមក្នុងកម្មវិធីប្រកួតប្រជែងសវនាការសាលាក្តីប្រឌិតនេះ ក្នុងចំណោមនោះយ៉ាងហោចគេនឹងអាចក្លាយជាធនធានមនុស្សក្នុងវិស័យច្បាប់សម្រាប់សង្គមកម្ពុជាទៅថ្ងៃខាងមុខ។
មន្រ្តីគម្រោងនៃវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចិម គណៈមេធាវីសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ដែរថា កម្មវិធីប្រកួតប្រជែងសវនាការសាលាក្តីប្រឌិតក្នុងវគ្គផ្ដាច់ព្រ័ត ដែលមានសកលវិទ្យាល័យចំនួន៥ បានចូលរួមនោះគឺក្រុមនិស្សិតច្បាប់នៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ១ និងចំណាត់ថ្នាក់លេខ២ ត្រូវបានទៅលើក្រុមនិស្សិតនៃសកលវិទ្យាល័យកម្ពុជា៕







