បញ្ហា​កង្វះខាត​គ្រូ​បឋមសិក្សា​នៅ​ក្នុង​ខេត្ត​កំពង់ចាម

2008-09-10

ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា សម្រាប់​ខេត្ត​កំពង់ចាម​គឺ​មាន​ការខ្វះខាត​គ្រូ​បឋម​សិក្សា​ប្រមាណ​២០០០​នាក់​ទៀត។

គរុសិស្ស​ដែល​បាន​រៀន​វគ្គ​បណ្តុះបណ្តាល​គរុកោសល្យ​រយៈពេល​ពីរ​ឆ្នាំ​ចំនួន​១៦០​នាក់​ត្រូវ​បាន​បញ្ចប់ និង​បាន​ចាប់​ប៉ុស្តិ៍​រើស​ទីតាំង​បង្រៀន​នៅ​ថា្នក់​បឋមសិក្សា​រៀងៗ​ខ្លួន។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ អ្នក​ខ្លះ​បាន​ចាប់​ប៉ុស្តិ៍​ទៅ​បង្រៀន​នៅ​ស្រុក​កំណើត​របស់​ខ្លួន​តែ​ចំពោះ​មួយចំនួន​ទៀត​បាន​ទៅ​ស្រុក​ផ្សេង។

គរុសិស្ស​មួយចំនួន​ដែល​បាន​បំពេញ​ការងារ​ជា​គ្រូ​បង្រៀន​នៅ​ស្រុក​ដទៃ​បាន​ថ្លែង​ថា ពួក​គេ​មាន​ការលំបាក​ក្នុង​ការស្នាក់នៅ​និង​បញ្ហា​ផ្សេងៗ​ទៀត ពិសេស​គឺ​ស្រ្តី។ ទោះ​ជា​ក្នុង​ឆ្នាំ​២០០៨​នេះ មាន​គរុសិស្ស​ចំនួន​១៦០​នាក់​ទៅ​បំពេញ​ការងារ​នៅ​តាម​សាលា​បឋមសិក្សា​មួយចំនួន​ក្នុង​ខេត្ត​កំពង់ចាម ដែល​ខ្វះខាត​គ្រូ​នោះ​ក៏​ដោយ។ ប៉ុន្តែ​បើ​តាម​ការអះអាង​របស់​ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​ថា ចំនួន​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​ដែល​ខ្វះខាត​គ្រូ​នោះ​ឡើយ។

ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​កំពង់ចាម លោក ស្វាយ ផល្លា បាន​មាន​ប្រសាសន៍​ថា សម្រាប់​ខេត្ត​កំពង់ចាម​គឺ​តម្រូវការ​គ្រូ​បឋមសិក្សា​ជាង​២០០០​នាក់ ទើប​គ្រប់​ចំនួន​ក្នុង​ការបង្រៀន​នៅ​តាម​សាលា​បឋម​មួយចំនួន​ទូទាំង​ខេត្ត។

លោក​បាន​បញ្ជាក់​ថា ចំពោះ​ធនធាន​មនុស្ស​មិន​ខ្វះ​ទេ​ព្រោះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​យុវសិស្ស​ជា​ច្រើន​ដែល​បាន​បញ្ចប់​ការសិក្សា​កម្រិត​ទុតិយភូមិ ប៉ុន្តែ​ក្រសួង​អប់រំ​ក៏​ដូច​ជា​រដ្ឋាភិបាល​ខ្វះ​ថវិកា​ក្នុង​ការផ្គត់ផ្គង់​ប្រាក់​បៀវត្សរ៍។

លោក ស្វាយ ផល្លា បាន​ឲ្យ​ដឹង​ថា ៖ «ចំពោះ​មួយ​ឆ្នាំ ក្រសួង​អប់រំ​និង​កីឡា​ផ្ដល់​ជូន​១៦០​នាក់​ហ្នឹង គឺ​ថា​វា​អត់​ស្មើ​ពេល​នឹង​គ្រូ​យើង​ចូល​និវត្តន៍​ក្នុង​មួយ​ឆ្នាំៗ ប្រមាណ​២០០​នាក់​ផង។ ដូច្នេះ​បើ​យើង​ធ្វើ​លេខ​ដក​ទៅ​យើង​ឃើញ​ថា រើស​១៦០​នាក់ ហើយ​យើង​ចូល​និវត្តន៍​២០០​នាក់ គឺ​ថា​វា​អត់​ស្មើ​គ្នា​ទេ យើង​នៅតែ​ខ្វះ។ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ស្នើសុំ​ពី​រាជ​រដ្ឋាភិបាល​បាន​ផ្ដល់​ចំនួន​ប្រមាណ​ជា​៥​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​ដឹង​ស្រាប់​ហើយ​៥​ពាន់​នាក់ យើង​បែងចែក​ទៅ​ឲ្យ​គ្រូ​មធ្យម​សិក្សា បឋម​ភូមិ បែងចែក​ឲ្យ​គ្រូ​មតេ្តយ្យ បែងចែក​ទៅ​ឲ្យ​គ្រូ​បឋម​សិក្សា បែងចែក​ទៅ​ឲ្យ​គ្រូ​មធ្យម​សិក្សា។ ដូច្នេះ​នៅ​ក្នុង​ចំនួន​៥​ពាន់​នាក់​ហ្នឹង យើង​បែងចែក​ទៅ​ដល់​គ្រូ​ទាំង​២ ទាំ​ង៣ កម្រិត​ហ្នឹង​រហូត ហើយ​យើង​បែកចែក​ទៅ​តាម​ខេត្ត​ក្រុង​ទៀត​ទាំង​២៤​ខេត្ត​ក្រុង»

លោក ស្វាយ ផល្លា បាន​បន្ត​ថា​ក្នុង​មួយ​ឆ្នាំ​គរុសិស្ស​បាន​បញ្ចប់​វគ្គ​គរុកោសល្យ​ជាង​១០០​នាក់ ប៉ុន្តែ​ក្នុង​នោះ​មាន​ភាគ​តិច​ដែល​ជា​គរុសិស្ស​ជា​ជនជាតិ​ខ្មែរ​អ៊ិស្លាម ប្រសិនបើ​មាន​គរុសិស្ស​ជនជាតិ​ខ្មែរ​អ៊ិស្លាម​ច្រើន​នោះ គឺ​ងាយ​ស្រួល​ក្នុង​ការ​ទៅ​បង្រៀន​នៅ​សហគមន៍​ដាច់​ស្រយាល​ដែល​ក្មេង​តូចៗ​មិន​អាច​ស្តាប់​ភាសា​ជាតិ​បាន។

លោក ស្វាយ ផល្លា បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​សូម​អំពាវនាវ​ថា តំបន់​ដែល​មាន​ជនជាតិ​អ៊ិស្លាម​ច្រើន គឺ​ថា​សូម​ឲ្យ​បង​ប្អូន​ខិតខំ​ផ្ដល់​ជូន ឬ​មួយ​ក៏​ថា​ជំរុញ​កូន​ចៅ​គាត់​មក​ចូល​រៀន​ឲ្យ​បាន​ច្រើន ដើម្បី​គាត់​មាន​ចំណេះ​ដឹង​ផ្នែក​អក្សរសាស្រ្ដ​ខ្មែរ​យើង ផ្នែក​ចំណេះដឹង​ទូទៅ​ហ្នឹង ហើយ​គាត់​មាន​លទ្ធភាព​អាច បើ​គាត់​ចង់​ធ្វើ​ជា​គ្រូ​ក្ដី គាត់​ចង់​ធ្វើ​ស្អី គាត់​មាន​លទ្ធភាព ដោយសារ​គាត់​មាន​ចំណេះដឹង គាត់​មាន​សញ្ញាបត្រ គាត់​អាច​ប្រឡង​ចូល​គ្រូ ប្រឡង​ចូល​ទៅ​ប្រទេស​នានា ហើយ​គាត់​អាច​ចូល​ប្រទេស​យើង​បាន»

មន្រ្តី​សម្រប​សម្រួល​បចេ្ចកទេស​របស់​អង្គការ​អប់រំ​ពិភពលោក ដែល​សហការ​នឹង Eskape  លោក អ៊ុល រុន បាន​មាន​ប្រសាសន៍​ថា ដោយ​ឃើញ​កុមារ​នៅ​តាម​តំបន់​ដាច់ស្រយាល​មាន​ការលំបាក​ក្នុង​ការសិក្សា ដោយ​កង្វះ​គ្រូ​ផង​នោះ អង្គការ​របស់​លោក​បាន​ជួយ​ដល់​គរុសិស្ស​ចំនួន​៣៥​នាក់ មក​ពី​ស្រុក​ពញាក្រែក និង​ស្រុក​ត្បូងឃ្មុំ ក្នុង​នោះ​មាន​គរុសិស្ស​ខ្មែរ​អ៊ិស្លាម​ចំនួន​៥​នាក់​ផងដែរ។ នៅ​ពេល​ពួក​គេ​បាន​បញ្ចប់​ការសិក្សា​គរុកោសល្យ​អង្គការ​របស់​លោក​បាន​ស្នើសុំ​មន្ទីរ​អប់រំ​ខេត្ត​ឲ្យ​ពួក​គេ​ទៅ​បង្រៀ​នៅ​សហគមន៍​របស់​ខ្លួន​វិញ។

លោក អ៊ុល រុន បាន​បញ្ជាក់​ថា ៖ «កន្លង​មក​យើង​មាន​កម្មវិធី​មួយ គឺ​យើង​ជួយ​គាំទ្រ​កុមារ​ដែល​ជួប​ការលំបាក ជា​ពិសេស​កុមារ​ជនជាតិ ហើយ​នៅ​ក្នុង​ហ្នឹង​យើង​បាន​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​ខ្មែរ​អ៊ិស្លាម​ដែល​ជួប​បញ្ហា​លំបាក​ខាង​ភាសា។ ដើម្បី​ដោះស្រាយ​បញ្ហា​ភាសា​នៅ​ក្នុង​ថ្នាក់​ទី​១ ពីព្រោះ​ក្មេង​ដែល​វា​មក​ពី​សហគមន៍ វា​អត់​ចេះ​ភាសា​ខ្មែរ​ទេ។ ដូច្នេះ​កម្មវិធី​របស់​យើង យើង​បាន​ជ្រើសរើស​អន្តរាគមន៍​មួយ​ដែល​ហៅ​ថា អ្នក​សម្រប​សម្រួល​ភាសា។ អ៊ីចឹង​យើង​ជ្រើសរើស​ពី​សហគមន៍​ជនជាតិ ឬ​ក៏​សហគមន៍​ខ្មែរ​អ៊ិស្លាម យើង​មក​បណ្ដុះ​បណ្ដាល​រយៈពេល​៣​ថ្ងៃ​កន្លះ ហើយ​យើង​បាន​ឲ្យ​គាត់​ទៅ​បម្រើការ​ជា​ដៃគូ​ជាមួយ​គ្រូ​រដ្ឋ ដែល​គាត់​អត់​ចេះ​និយាយ​ភាសា​ខ្មែរ​អ៊ិស្លាម ឬ​ក៏​ភាសា​ជនជាតិ។ ហើយ​កន្លង​មក​នេះ​ចំនួន​អ្នក​សម្រប​សម្រួល​ភាសា​នៅ​ក្នុង​ខេត្ត​កំពង់ចាម យើង​មាន​រហូត​ដល់​ជិត​៣០​នាក់ សម្រាប់​តែ​ជនជាតិ​ខ្មែរ​អ៊ិស្លាម»

លោក​បាន​បន្ត​ថា លោក​មាន​ការបារម្ភ​ចំពោះ​ការកង្វះខាត​គ្រូ រដ្ឋាភិបាល​គួរតែ​យក​ចិត្ត​ដាក់​មក​លើ​បញ្ហា​នេះ ៖ «ដើម្បី​ដោះស្រាយ​រឿង​ភាព​មិន​ចេះ​អក្សរ​នៅ​ក្នុង​សហគមន៍​ដាច់ស្រយាល ទី​១ យើង​ត្រូវ​គិត​អំពី​គ្រូ​បង្រៀន។ យើង​ដឹង​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង គឺ​គ្រូ​បង្រៀន​ខ្វះ​ច្រើន​ណាស់ រាប់​ម៉ឺន​នាក់ ដែល​ជា​បញ្ហា​ចម្បង​ក្រសួង​អប់រំ​ត្រូវ​ដោះស្រាយ។ ហើយ​យើង​គិត​ថា ចាប់ពី​ឆ្នាំ​២០០៩ ចំនួន​កុមារ​នៅ​ក្នុង​ទូទាំង​ប្រទេស​នឹង​កើន​ឡើង​ទៀត ដូច្នោះ​ការដោះស្រាយ​គ្រូ​បង្រៀន​គឺ​ជា​កត្តា​ចំបាច់»

គរុសិស្ស​មក​ពី​ស្រុក​ព្រៃឈរ ឈ្មោះ សុខុម បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​ដឹង​លទ្ធផល​នៃ​ការចាប់​ប៉ុស្តិ៍​បង្រៀន​កាលពី​ថ្ងៃ​ទី​៣ កញ្ញា ថា ៖ «បើ​បាន​ទៅ​ស្រុក​វិញ​ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត ហើយ​ការចំណាយ​របស់​ខ្ញុំ​ក៏​តិចតួច​ដែរ។ នាងខ្ញុំ​សូម​សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល​គួរតែ​ដំឡើង​ប្រាក់​បៀវត្សរ៍​សម្រាប់​គ្រូ​បង្រៀន»

គរុសិស្ស​ខ្មែរ​អ៊ិស្លាម​ឈ្មោះ ជំឡះ មក​ពី​ស្រុក​ក្រូចឆ្មារ បាន​សម្ដែង​សុទិដ្ឋិនិយម​ថា ៖ «គោលបំណង​ក្នុង​ការ​ដែល​ខ្ញុំ​ចង់​ទៅ​ធ្វើ​គ្រូ​បង្រៀន​ដោយសារតែ​ខ្ញុំ​ឃើញ​ថា ជនជាតិ​ខ្មែរ​អ៊ិស្លាម​ទាំងអស់​ដែល​កំពុងតែ​សិក្សា​រាល់​ថ្ងៃ​នេះ​ជួប​នឹង​ការលំបាក ដោយសារតែ​ពួក​គេ​ហ្នឹង​មិន​សូវ​ចេះ​ខ្មែរ នៅ​ថ្នាក់​ទី​១ និង​ថ្នាក់​ទី​២។ បញ្ហា​មួយ​ទៀត​ដោយសារតែ​គ្រូ​បង្រៀន​ខ្មែរ​អ៊ិស្លាម​ហ្នឹង​ពុំ​មាន​សូវ​មាន។ ក្នុង​ករណី​នេះ​ហើយ​ដែល​ខ្ញុំ​ពុះពារ​ព្យាយាម​ក្នុង​ការរៀន​ដើម្បី​បម្រើ​នូវ​សហគមន៍ ហើយ​និង​ប្រទេស​ជាតិ​ទាំងមូល។ ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​យុវសិស្ស​ដែល​ជា​ជនជាតិ​ខ្មែរ​អ៊ិស្លាម​ទាំងអស់​សូម​ដាក់​ពាក្យ​ធ្វើ​ជា​គ្រូ​បង្រៀន​ដើម្បី​ប្រទេស​ជាតិ​របស់​យើង»

គរុសិស្ស​ម្នាក់​ទៀត​ឈ្មោះ ហ្សារ៉ោះ បាន​សម្ដែង​នូវ​ការសោកស្តាយ​ថា ប្រសិនបើ​ក្រសួង​ក៏​ដូច​ជា​មន្ទីរ​អប់រំ​បាន​រៀបចំ​ផ្តល់​អាទិភាព​ទៅ​ស្រុក​កំណើត​របស់​ខ្លួន គឺ​ងាយស្រួល​ក្នុង​ការបង្រៀន​ដោយ​ស្គាល់​ពី​ភូមិសាស្រ្ត​ស្រាប់ និង​ស្គាល់​ពី​សុខទុក្ខ​សិស្ស និង​បញ្ហា​ស្នាក់នៅ​ជាដើម។

គរុសិស្ស​ឈ្មោះ ហ្សារ៉ោះ បាន​ឲ្យ​ដឹង​ថា ៖ «ពីព្រោះ​ដូច​ជា​រូប​នាង​ខ្ញុំផ្ទាល់ បើ​ខ្លួន​ខ្ញុំ​ជា​ស្រី ហើយ​ចូល​ទៅ​ក្នុង​សហគមន៍​ខ្លួនឯង​ផ្ទាល់​វា​ងាយ​ស្រួល ការស្នាក់នៅ និង​ហូបចុក»

សូម​ជម្រាប​ថា ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​កំពង់ចាម លោក ស្វាយ ផល្លា បានឲ្យ​ដឹង​ថា​សាលា​បឋម​សិក្សា​ទាំងអស់​ក្នុង​ខេត្ត​មាន​ចំនួន​៧៧២ និង​មាន​ជាង​៨០០០​ថ្នាក់។ ក្នុង​ខេត្ត​នេះ​ដែរ​ខ្វះ​គ្រូ​ជាង​២០០០​នាក់ ហើយ​ដើម្បី​បង្រ្គប់​នៃ​ការខ្វះខាត​នេះ​មន្ទីរ​បាន​រៀបចំ​គ្រូ​បង្រៀន​ពីរ​ពេល​ចំនួន​១៦០០​នាក់ និង​គ្រូ​ជាប់​កិច្ចសន្យា​៦០០​នាក់៕